วันพุธที่ 8 เมษายน พ.ศ. 2558

ទៅលេងវ៉ាំងវៀង ប្រទេសឡាវ

វ៉ាំងវៀង (Vang Vieng) គឺជាកន្លែងទេសចរណ៍ដ៏ទាក់ទាញដែលហ៊ុំព័ទ្ធដោយភ្នំថ្មកំបោរជុំវិញ មានរូងភ្នំដ៏ស្រស់ស្អាត និងស្ទឹងសង (Song River) ហូរកាត់ មានទីតាំងនៅស្រុកវ៉ាំងវៀង ខេត្តវៀងច័ន្ទ ប្រទេសឡាវ ចម្ងាយប្រហែល 160 គីឡូម៉ែត្រ ពីទីក្រុងវៀងច័ន្ទ។

ក្រោយពីបានឮមិត្តភក្តិនិយាយ និងឃើញរូបគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលបានបង្ហោះតាមហ្វេសប៊ុក ធ្វើឱ្យពួកយើង ចង់ទៅឃើញផ្ទាល់ភ្នែកថា តើវាស្រស់ស្អាតប៉ុណ្ណា? ពួកយើងរយៈពេលចំនួន 2 យប់ 3 ថ្ងៃ គឺ 4,5 និង 6 មេសា 2015 មានសមាជិកចំនួន 5 នាក់ មកពី 4 ប្រទេសគឺ ថៃ ភូមា ឡាវ និងកម្ពុជា។ តោះ! ទៅមើលព្រមគ្នា!!!....

ការធ្វើដំណើរ
ចេញដំណើរៈ Mahasarakham - Udonthani- Nongkhai (Thailand) - Vientiane - Vang Vieng (Lao)
ត្រឡប់មកវិញៈ Vang Vieng - Vientiane (Lao) - Khon Kaen - Mahasarakham (Thailand)

 -​ តាមពិតមានឡានចេញពី Udonthai - Vang Vieng​ - Udonthai ម៉ោង 8 ព្រឹក ប៉ុន្តែពួកយើងទៅអត់ទាន់ឡាន
 - ពេលត្រឡប់មកវិញ ពួកយើងចង់ចូលលេងទីក្រុងវៀងច័ន្ទ ទើបធ្វើដំណើរច្រើនដំណាក់កាល។
**ខ្ញុំកំពុងរៀននៅ Mahasarakham University កាន់លិខិតឆ្លងដែនមាន Visa និស្សិត ដូច្នេះខ្ញុំត្រូវធ្វើ Re-Entry Visa (1,000 បាត) ដើម្បីរក្សា Visa ឱ្យនៅដដែល។

ថ្ងៃទី 3 មេសា ក៏មកដល់ ពួកយើងចេញដំណើរម៉ោង 6 ព្រឹក ពីមហាសារខាម - ឧត្តនថានី (130 បាត) - ណងខាយ (45 បាត) ដល់ព្រំដែនថៃ-ឡាវ ម៉ោងប្រហែល 12.00 នាទី បន្ទាប់មកបំពេញឯកសារចេញពីប្រទេសថៃ និងបំពេញ ឯកសារចូលប្រទេសឡាវ *ឯកសារដែលត្រូវត្រៀមមានៈ លិខិតឆ្លងដែន ប៊ិច លុយ និងសាលកបត្រចេញ-ចូល ប្រទេស។

បន្ទាប់ពីបំពេញសំណុំបែបបទចេញពីប្រទេសថៃរួច ពួកយើងប្រញាប់ចេញមកទិញសំបុត្រ (20 បាត) ដើម្បីជិះឡាន ឆ្លងស្ពានទន្លេមេគង្គដែលបែងចែកព្រំដែនថៃ-ឡាវ។

ជិះឡានក្រុងប្រហែល 15 នាទី ពួកក៏មកដល់ការិយាល័យអន្តោប្រវេសន៍ឡាវ រួចបំពេញសំណុំបែបបទ និងទិញបត្រ 25 បាត ដើម្បីចូលប្រទេសឡាវ។

បន្តដំណើរពីព្រំដែនទៅទីក្រុងវៀងច័ន្ទដោយឡានក្រុង តម្លៃសំបុត្រ 20 បាត។

ធ្វើដំណើប្រហែល 30 នាទី ពួកយើងកអមកដល់ចំណតរថយន្តទីក្រុងវៀងច័ន្ទ ក្បែរតៈឡាតឆាវ (ឈ្មោះផ្សារ) មានអ្នករត់មកទទួលឥវ៉ាន់ និងហៅឡើងឡានព្រោងព្រាត (ស្រដៀងនៅខ្មែរដែរ ហាស់!ហា)។ ប៉ុន្តែពួកយើងនិយាយ ត្រូវថ្លៃឡានតូរីសវៀងច័ន្ទ-វ៉ាំងវៀង តម្លៃ 300 បាត រួមថ្លៃជិះទុកទុក ទៅឡើងឡានមិនឆ្ងាញប៉ុន្មានពីចំណតរថយន្ត។
ចេញពីទីក្រុងវៀងច័ន្ទម៉ោង 2 រសៀល ដល់វ៉ាំវៀង ម៉ោងប្រហែល 5 ល្ងាច
ក្រោយពីធ្វើដំណើរប្រហែល 3 ម៉ោង ទីបំផុតក៏បានមកដល់គោលដៅគឺ វ៉ាំងវៀង។ មិនបង្អង់យូរពួកយើងបន្តដំណើរ ដើម្បីសួររកសណ្ឋាគារ River View Bungalows ព្រោះជាសណ្ឋាគារដែលមានទីតាំងជាប់ស្ទឹងសង (Song River) ទេសភាពស្រស់ស្អាត ប៉ុន្តែជាអកុសល សណ្ឋាគារនោះពេញអស់ទៅហើយ :( ។

 បន្ទាប់ពីនាំគ្នាថតរូប និងសម្រាកឱ្យបាត់ហត់មួយសន្ទុះ ពួកយើងក៏បន្តដំណើររកសណ្ឋាគារផ្សេងទៀត ដើម្បីស្នាក់នៅ សិនរួចសឹមត្រឡប់មកអង្គុយលំហែរកាយ និងញ៉ាំអាហារពេលល្ងាចនៅទីនេះ។ ដោយសារតែថ្ងៃនេះជាថ្ងៃសៅអាទិត្យ សណ្ឋាគារដែលបានសួរភាគច្រើនគឺពេញអស់ ប៉ុន្តែទីបំផុតយើងអាចរកបានផ្ទះសំណាក់ Riverside Backpacker Guesthouse ដែលនៅមិនឆ្ងាយពី River View Bungalows ជាប់ស្ទឹងសងដូចគ្នា តម្លៃ 300 បាត/យប់ (គេងម្នាក់ឯង :P) គ្រែធំសម្រាប់គេង 2 នាក់ (តាមពិតតម្លៃ 400 បាត/យប់ តែមិត្តភក្តិជួយតឱ្យ)។

ពួកយើងណាត់គ្នាទៅញ៉ាំអាហារពេលល្ងាច ម៉ោង 6.30 ល្ងាច។ ម្នាក់ៗ ចូលបន្ទប់រៀងៗ ខ្លួន ដើម្បីទុកសម្ភារៈ និងងូតទឹកសំអាតកាយារៀបចំអាត្មាទៅញ៉ាំអាហារពេលល្ងាច។

ទីនេះហើយគឺជាកន្លែងញ៉ាំអាហារពេលល្ងាចរបស់ពួកយើង River View Bungalows ទេសភាពស្អាត បរិយាកាសល្អ បរិសុទ្ធ ត្រជាក់ស្រួលខ្លួន អាហារឡាវក៏ឆ្ងាញ់ តែហិលបន្តិច! បៀរឡាវក៏សែបៗ (ឆ្ងាញ់)។ ថ្លៃអាហារអស់ 200 បាត/នាក់ ចាយជាលុយបាតក៏បាន។

ម៉ោងប្រហែល 8.30 យប់ ដល់ពេលដែលពួកយើងបំពេញបេសកកម្មពេលរាត្រី ថាមានអ្វីគួរឱ្យចាប់អារម្មណ៍ខ្លះ? ម្យ៉ាងដើររកក្រុមហ៊ុនទេចរណ៍ដើម្បីដើរកម្សាន្តថ្ងៃស្អែកផង។ បន្ទាប់ពីចូលសួរពីហាងមួយទៅហាងមួយ ពួកយើងក៏ និយាយត្រូវថ្លៃជាមួយក្រុមហ៊ុនមួយនេះ Namthip Tour Vangvieng គឺ 1 Day Kayaking, Caving, Trekking and Tubing inside the cave (8 km Kayaking, 2 caves, 1 Village/Blue lagoon) ព្រមទាំងអាហារថ្ងៃត្រង់មួយពេល។ ខាងក្រុមហ៊ុន ណាត់ម៉ោង 8.30 ព្រឹក។
 
បន្ទាប់ពីងូតទឹកស្លៀកពាក់រួច ម៉ោងប្រហែល 6 ព្រឹក ពួកយើងដើរស្រូបយកខ្យល់អាកាស និងថតរូបតាមបណ្តោយ មាត់ស្ទឹងសងហើយ ក៏ដើរឡើងតម្រង់ទៅទីកន្លែងដែលក្រុមហ៊ុនបានណាត់ នៅតាមផ្លូវមានលក់អាហារព្រឹកហូរហែរ ប៉ុន្តែភាគច្រើនយើងសង្កេតឃើញតែរបស់នេះ........



2 ความคิดเห็น: